រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលការងារនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបសលទ្ធផលការងាររបស់ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មលោក ហែម សុវត្ថិ បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងបានមានប្រសាសន៍ ណែនាំដល់មន្រ្តីទាំងអស់ថា បញ្ហាល្បែងស៊ីសង ជាបញ្ហាដ៏ក្ដៅមួយដែលយើងគ្រប់គ្នាត្រូវរួបរួមគ្នាអនុវត្ត និងពិនិត្យមើលពីបញ្ហាប្រឈម និងចាត់វិធានការសមស្របជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនិងកង្វល់របស់ថ្នាក់ដឹកនាំ ជាពិសេសស្របពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងពាំនាំអនុសាន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចាត់ការលើល្បែងផ្សងសំណាង និងរំឭកពីបទពិសោធន៍លើបញ្ហាអសន្តិសុខ ជំនាន់ភ្នាល់បាល់ Cambo 6។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ក៏បានកោតសរសើរចំពោះ ឧត្តមសេនីយ៍ឯក សៀន សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលកន្លងមកបានដឹកនាំអង្គភាព ប្រកបដោយប្រសិទ្ធភាព ក្ដាប់សភាពការបានគ្រប់ច្រកល្ហក និងដឹកនាំមន្ត្រីទាំងអស់ឱ្យមានភាពសាមគ្គីល្អ។ លោកបន្តថា ពាក់ព័ន្ធការងារសហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) សង្កេតឃើញថា អង្គភាពរបស់យើងគឺជាតួអង្គដ៏សំខាន់មួយមិនអាចខ្វះបាន ដែលមាន ឧត្តមសេនីយ៍ឯក សៀន សេន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានក្រុមការងារដ៏ទៃទៀតចំណុះក្នុងក្រសួងមហាផ្ទៃ មួយចំនួនបានបំពេញការងារយ៉ាងសកម្ម ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កន្លងទៅ។
លោកអគ្គស្នងការរងបានបន្តថា បញ្ហាល្បែងស៊ីសង ជាបញ្ហាដ៏ក្ដៅមួយ ហើយក្នុងនាមយើងជាកងកម្លាំងអនុវត្តច្បាប់ សូមកុំមានការពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត។
ដើម្បីឱ្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាព លោកបានផ្ដល់មតិដឹកនាំមួយចំនួនដូចខាងក្រោម៖
១/ សូមអង្គភាព ជាពិសេសការិយាល័យជំនាញ ប្រជុំឆ្លងយោបល់ រកដំណោះស្រាយ កំណត់នូវបញ្ហាប្រឈមផ្សេងៗ ឱ្យបានទៀងទាត់ សំណូមពរឱ្យមានកំណត់ហេតុច្បាស់លាស់នៅពេលប្រជុំនីមួយៗ។
២/ សូមធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ពីសា្នដៃ គុណសម្បត្តិ ដើម្បីលើកសរសើរ ឬក៏ដំឡើងឋានន្តរស័ក្ត តួនាទី ដល់មន្រ្តីឆ្នើម និងដាក់វិន័យដល់មន្រ្តីអសកម្ម។
៣/ សូមការិយាល័យជំនាញកំណត់មុខសញ្ញា ល្បែងផ្សងសំណាង ល្បែងស៊ីសងខុសច្បាប់ ដើម្បីប្រមូលព័ត៌មានច្បាស់លាស់ សំដៅងាយស្រួលក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប៕