សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់ពាក់ព័ន្ធនឹងធ្វើមាតិការឿងបន្លាចមហាជនឱ្យមានការភ័យខ្លាចពេលទៅលេងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ ដែលជាអ្នកផលិតមាតិកា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរួមគ្នាបង្កើតវីដេអូប្រឌិត ធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងលោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក គួច ចំរើន បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង ៥លាននាក់។
អភិបាលខេត្តព្រះសីហនុបានឱ្យដឹងទៀតថា វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន ធ្វើទារុណកម្ម វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដោយតាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបានអ្នកទស្សនាច្រើនតែប៉ុណ្ណោះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច កាំភ្លើងជ័រ សំលៀកបំពាក់ទាហានប៉ារ៉ា ទូរស័ព្ទដៃ សម្ភារឧបករណ៍ផលិត Video Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕