សៀមរាប៖ ប្រទេសកាណាដាបានបើកការិយាល័យកុងស៊ុលរបស់ខ្លួនប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបើកការិយាល័យកុងស៊ុលនេះជាការបើកទំព័រថ្មី មួយចំពោះបង្កើនទំនាក់ទំនងរបស់ប្រទេសកម្ពុជា-កាណាដា តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្ត សៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
អភិបាលរងខេត្ត លោក ពិន ប្រាកដ ថាការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយលោកក៏សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា។
អភិបាលខេត្តសៀមរាបរាបលោក ប្រាក់ សោភ័ណ ស្វាគមន៍ចំពោះការសម្ពោធដាក់ឱ្យដំណើរការនៃការិយាល័យកុងស៊ុលកាណាដាប្រចាំខេត្តសៀមរាបនាពេលនេះ ដោយថា កត្តានេះបានបង្កើននូវសេដ្ឋកិច្ចប្រជាពលរដ្ឋលក្នុងខេត្តសៀមរាបមួយកម្រិតទៀត។
លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើគម្រោងនានានៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការមួយ នៃការយកចិត្តទុកដាក់ខ្ពស់ក្នុងការរឹតចំណងមេត្រីភាពរវាងកម្ពុជា និងកាណាដា ក៏ដូចជាខេត្តសៀមរាបបន្ថែមទៀតផងដែរ៕