រដ្ឋមន្រ្តីការបរទេសចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ និងប្រទេសបារាំង
អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទស្ដីពីសន្តិសុខនៅទីក្រុង Munich មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងប្រទេសបារាំងនាថ្ងៃបន្តបន្ទាប់។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា៖ "ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេស Wang Yi នឹងចូលរួមកិច្ចប្រជុំសន្តិសុខ លើកទី៦០ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលលោកនឹងថ្លែងសុន្ទរកថាមួយផងដែរនៅក្នុងកិច្ចប្រជុំនេះ"។ អ្នកនាំពាក្យបានបន្ថែមថា បន្ទាប់មកលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ និងបារាំង ដែលនៅទីនោះលោកនឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំង។
កិច្ចប្រជុំសន្តិសុខកំពូលប្រចាំឆ្នាំនៅទីក្រុង Munich នឹងប្រមូលផ្តុំដោយឥស្សរជនយោធាជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ ក្រសួងការបរទេសបញ្ជាក់ថា នៅក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ លោក Wang នឹងរំលេចយ៉ាងលម្អិតអំពីសំណើរបស់ប្រទេសចិន លើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ជាពិសេសលើប៉ូលនយោបាយ និងរបៀបរៀបរយរបស់ពិភពលោក។
រដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេស្ប៉ាញនឹងក្លាយជារដ្ឋមន្ត្រីការបរទេសចិនដំបូងបង្អស់ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីនោះក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ដំណើរទស្សនកិច្ចនេះនឹងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើនមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអេស្ប៉ាញ។
រដ្ឋាភិបាលចិនក៏រំពឹងទុកផងដែរថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនទៅកាន់ប្រទេសបារាំង នឹងធ្វើឱ្យទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕