
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំម្ចាស់អាជីវកម្មកម្សាន្តតាមឆ្នេរកំណត់កម្រិតចាក់ភ្លេងជៀសវាងរំខានការរស់នៅរបស់ពលរដ្ឋ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំម្ចាស់អាជីវកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ជាពិសេសនៅតាមឆ្នេរអូរឈើទាលកំណត់កម្រិតស្តង់ដារសំឡេងអតិបរមា ដើម្បីជៀសវាងរំខានដល់ការរស់នៅរបស់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឱ្យចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ស្ដង់ដារសំឡេងអតិបរមា ៧៥ដេស៊ីបែល ចាប់ពីម៉ោង ១៨:០០នាទី ល្ងាចដល់ម៉ោង ២២:០០នាទីយប់ ស្ដង់ដារសំឡេងអតិបរមា ៧០ដេស៊ីបែល។
ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការកំណត់នេះទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ ដោយត្រូវទទួលពិន័យអន្តរការណ៍ ឬផ្តន្ទាទោសដោយយោងទៅតាមមាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ និងមាត្រា២៥ ជំពូកទី៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ៕