ឥណ្ឌូណេស៊ី៖ លទ្ធផលបឋមពីការរាប់សន្លឹកឆ្នោតបានបង្ហាញថា អតីតនាយឧត្តមសេនីយ៍ Prabowo Subianto និងជាបេក្ខភាពប្រធានាធិបតីដ៏លេចធ្លោ បានទទួលសំឡេងគាំទ្រច្រើនដាច់ឆ្ងាយពីគូប្រជែងដ៏ស្វិតស្វាញទាំងពីររបស់លោករួមមាន លោក Anies Baswedan និងលោក Ganjar Pranowo។
លទ្ធផលបឋមដែលទទួលបាននេះបង្ហាញថា លោក Prabowo Subianto ជាបេក្ខភាពប្រធានាធិបតី និងបេក្ខភាពឈរឈ្មោះរួមគ្នាជាអនុប្រធានាធិបតី Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo បានទទួលសំឡេងគាំទ្រក្នុងការបោះឆ្នោតរហូតដល់ ៦០ភាគរយ ខណៈជាមួយនឹងលទ្ធផលបឋមនេះមានន័យថា ប្រសិនបើលោក Prabowo Subianto និងលោក Gibran Rakabuming Raka ទទួលបានសំឡេងឆ្នោតផ្លូវការលើសពី ៥០ភាគរយពិតប្រាកដមែន នោះបេក្ខភាពមេដឹកនាំទាំងពីរនឹងអាចចូលកាន់តំណែងបាននាខែតុលានេះតែម្តង។
សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតជាផ្លូវការអាចនឹងប្រកាសនាខែមីនាខាងមុខក៏ពិតមែន ប៉ុន្តែយ៉ាងណាក្ដីប្រជាពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់កំពុងសម្លឹងឃើញថា បេក្ខភាពប្រធានាធិបតីបន្តតំណែងពីលោក Joko Widodo ដែលកាន់តំណែងបាន ២អាណត្តិរួចហើយនោះ គ្មាននរណាឡើយក្រៅពី លោក Prabowo Subianto នោះទេ។ យ៉ាងណាក្ដី សំណួរដែលកំពុងចោទឡើងដោយអ្នកវិភាគសង្គម និងនយោបាយជើងចាស់គឺ តើលោក Prabowo Subianto ជាបេក្ខភាពដែលស័ក្ដិសមបំផុតក្នុងការស្នងតំណែងពីលោក Joko Widodo ឬទេ?