សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើយើងគ្មានចិត្តចង់អភិវឌ្ឍខ្លួនឯង ទោះចង់រកគ្រូជោគជ័យមកបង្រៀន ក៏ទៅមិនរួចដែរ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើយើងគ្មានចិត្តចង់អភិវឌ្ឍខ្លួនឯង ទោះទៅរកគ្រូជោគជ័យមកបង្រៀនក៏ទៅមិនរួចដែរ។ សម្តេចធិបតី ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី បានបញ្ជាក់ថា ការកសាងសមត្ថភាព គឺទាមទារនូវឆន្ទៈ និងការព្យាយាម។ សម្តេចធិបតីថ្លែងដូច្នេះថា៖ «បើយើងគ្មានចិត្តចង់អភិវឌ្ឍខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ»។
សម្តេចធិបតីបានណែនាំដូច្នេះថា៖ «អ្នកដែលចេះវាយតម្លៃខ្លួនឯង អ្នកដែលដាក់ទិសដៅខ្លួនឯងនៅចំណុចខ្សោយដែលយើងចង់បានអ្នកនោះហើយជោគជ័យ។ អ៊ីចឹងកុំភ្លេចបង្រៀនខ្លួនឯង រៀនបន្ត រៀនពីគ្រប់គ្នា រៀនគ្រប់ទីកន្លែង តែធំបំផុតគឺ ត្រូវរៀនសិក្សាពីចំណុចខ្សោយ ចំណុចខ្លាំង រៀនពីអ្វីដែលយើងចង់ទៅមុខ ត្រូវមានទិសដៅខ្លួនឯងថាយើងចង់ទៅណា ហើយដាក់ចិត្តរៀន»។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពដ៏ចម្បងនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ និងអាណត្តិក្រោយៗទៀត។
សម្តេចធិបតីគូសបញ្ជាក់ថា មហិ្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយកម្ពុជាជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះគឺទាមទារឱ្យធនធានមនុស្សនៅកម្ពុជាមានសក្តានុពលជាងបច្ចុប្បន្នចំនួន ២០ដង៕