
ជប៉ុនផ្តល់ជំនួយឥតសំណងជិត ១៤លានដុល្លារសម្រាប់សាងសង់អាគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំពីសង្គ្រាមនៅខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាឥតសំណងជិត ១៤លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់កសាងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយ អប់រំយល់ដឹងពីសង្គ្រាម នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។
ថវិកាឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានេះ ត្រូវបានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា និងអគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD លោក Jun KATO បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អគារសាលប្រជុំ (ចំណុះ ៤០០នាក់) ចំនួន ១ខ្នង អគារសិក្សា ចំនួន ១ខ្នង ២ជាន់មាន ១០បន្ទប់ អគារអន្ដេវាសិកដ្ឋាន ២ខ្នង (សម្រាប់សិក្ខាកាម ចំនួន ១២០នាក់) អគារអាហារដ្ឋានចំនួន ១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុកៅអីជាដើម។
ចំពោះអគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ ១០៨ម៉ែត្រ គុណ ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ម៉ែត្រ មាន ២ជាន់ កម្ពស់ ១៧ម៉ែត្រ មានទំហំជាង ១៥ ០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។
អគារសារមន្ទីរនេះ ក៏អាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កម្សត់នេះ៕