ក្រចេះ៖ កូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ ដែលទើបនឹងកើតត្រូវបានក្រុមអ្នកស្រាវជ្រាវប្រទះឃើញមកក្នុងហ្វូងផ្សោតទន្លេមេគង្គចំថ្ងៃនៃសេចក្តីស្រលាញ់។
ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
អង្គការ WWF បញ្ចាក់ថា៖«យើងពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត! ពិតជារីករាយណាស់ ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ»។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល ត្រូវបានក្រុមឆ្មាំទន្លេប្រទះឃើញនៅអន្លង់កាំពី ជ្រោយបន្ទាយ ដែលជាកូនផ្សោតទី១កត់ត្រានៅក្នុងឆ្នាំ២០២៤នេះ។ កូនផ្សោតនេះមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង៕
PHOTO: Tan Somethbunvath