លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ព្រះមហាក្សត្រប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមអ្នកប្រមូលសំរាម និងសម្អាតទីក្រុងជាង ២ ០០០នាក់

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ចំនួនជាង ២ ០០០នាក់ ក្នុងឱកាសអបអរសារទរទិវាជាតិទីក្រុងស្អាត។ នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន។

ព្រះរាជពិធីនេះ បានប្រព្រឹត្តិឡើង នាព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤ ដោយមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ដែលមកពី ក្រុមហ៊ុនចំនួន៣ ចូលរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd នៅកោះនរា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលកោតសរសើរចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស្អាត មានសោភ័ណភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលម្អ សោភ័ណភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ព្រះអង្គក៏កោតសរសើរនិងអរគុណកម្មករ កម្មការរិនីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសម្អាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភ័ណភាពល្អ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឱ្យបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាពនិងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

គួរឱ្យដឹងដែរថា ការផ្ដល់ព្រះរាជទាន ព្រះរាជអំណោយរបស់ព្រះករុណា ព្រះមហាក្សត្រ ដែលត្រូវផ្តល់ជូនដល់កម្មករដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីនេះ ក្នុងនោះ រួមមានក្រុមហ៊ុន Cintri (Cambodia/ (Everbright China) ចំនួន ៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន ៧៣៧នាក់ និងក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន ៧១៤នាក់ សរុប ២ ០៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ ដែលមានទាំងភួយ មុង កន្ទេល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក