លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ពងអណ្តើកហ្លួងចំនួន ២០សំបុក ត្រូវបានរកឃើញលើឆ្នេរខ្សាច់សិប្បនិមិត្តក្នុងខេត្តកោះកុង

កោះកុង៖ តាំងពីដើមឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

ម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់ បានបង្ហាញពីសកម្មភាពមេអណ្តើកហ្លួងជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹកទៀបភ្លឺ។

WCS បញ្ជាក់ថា នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ ក្រុមការងាររំពឹងថានឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៤នេះដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ជាកន្លែងស្តារ និងថែទាំអភិរក្សសត្វអណ្តើងហ្លួង ខណៈបច្ចុប្បន្នអណ្ដើកហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន ១១៨ក្បាលផងដែរ។

ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។

សត្វអណ្ដើកហ្លួងឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង ២៥ប្រភេទលើសកលលោកដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក