សមត្ថកិច្ចបង្រ្កាបឧបករណ៍ Fake BTS សម្រាប់បញ្ជូនសារផ្សព្វផ្សាយល្បែងស៊ីសង និងកម្ចីឯកជនខុសច្បាប់
ព្រះសីហនុ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សិរីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះ សមត្ថកិច្ចរឹបអូសបានវត្ថុតាង រួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ចំនួន ៣គ្រឿង និងគ្រឿងបង្គំផ្សេងៗទៀត ព្រមទាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
វិធានការចុះបង្រ្កាបនេះ ក្រោយពីមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ តាមរយៈឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។
ឧបករណ៍ Fake BTS នេះ ក៏អាចស្តេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទ ចល័ត ហើយបន្ទាប់មក គឺផ្តាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទ ចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់ បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។
ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យគ្រប់ក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក)។
ក្រសួងណែនាំពលរដ្ឋមិនត្រូវបើកមើល ឬឆ្លើយតប សារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពី ល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និងមិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភព ច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត។
ជាមួយគ្នានេះ ក្រសួងណែនាំគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលរាជធានីខេត្ត ទប់ស្កាត់ការនាំចូល ឬចែកចាយឧបករណ៍ Fake BTS ឱ្យបានម៉ឺងម៉ាត់ ខណៈការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្តីពីទូរគមនាគមន៍ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។
ក្នុងករណីមានព័ត៌មានអំពីការនាំចូល ផ្គត់ផ្គង់ ដំឡើង និងប្រើប្រាស់ឧបករណ៍ Fake BTS ពលរដ្ឋអាចរាយការណ៍មក ន.ទ.ក តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អីម៉ែល info@trc.gov.kh៕