ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញក្តីរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់
សៀមរាប៖ ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។
ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។
លោកតា សេង ស៊ន់ អាយុ ៦៩ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិលឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។
លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។
អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។
លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។
លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ៕