សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យយោធាវិញហើយកាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ បន្ទាប់ពីលោកបានចូលសម្រាកព្យាបាល និងបានទទួលការវះកាត់លើបញ្ហាមហារីកក្រពេញប្រូស្តាតរបស់លោក។ មន្ទីរបញ្ចកោណបន្ថែមថា លោក Lloyd Austin នឹងមានវត្តមានសាជាថ្មីក្នុងកិច្ចប្រជុំទាក់ទងនឹងបញ្ហានៅអ៊៊ុយក្រែន ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។
គួរឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលរដ្ឋមន្រ្តីការពារជាតិអាមេរិកវ័យ ៧០ឆ្នាំខាងលើបានចូលសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីលោកទើបតែទទួលការវះកាត់ដើម្បីព្យាបាលបញ្ហាមហារីកក្រពេញប្រូស្តាតរបស់លោក កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ប្រធានមន្ទីរបញ្ចកោណខាងលើបានសំដែងនូវការសុំអភ័យទោសដែលពុំបានបើកបង្ហាញពីបញ្ហាសុខភាពរបស់លោកទៅកាន់មេដឹកនាំកំពូលៗ ជាពិសេសគឺនាំឱ្យមានភាពចលាចលផ្នែកនយោបាយមួយចំនួន ជាក់ស្តែងសូម្បីតែប្រធានាធិបតី Joe Biden ក៏ពុំបានទទួលដំណឹងពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Lloyd Austin ផងដែរ។
លោក Lloyd Austin ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ ខណៈមន្ទីរបញ្ចកោណបានបញ្ជាក់ថា លោកបានត្រឡប់មកបំពេញការងារ និងតួនាទីរបស់ខ្លួនពេញលេញឡើងវិញហើយ។ គួររំឮកថា ការចូលសម្រាកព្យាបាលភ្លាមៗរបស់រដ្ឋមន្រ្តីការពារជាតិខាងលើ បានធ្វើឱ្យជះផលប៉ះពាល់ដល់ការងារមួយចំនួន ពោលគឺរួមមានការលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាការពារជាតិ ក៏ដូចជារៀបចំកិច្ចប្រជុំដោយផ្ទាល់ទាក់ទងនឹងអ៊ុយក្រែននៅថ្ងៃពុធ។ យ៉ាងណាមិញ កិច្ចប្រជុំសំខាន់ៗទាំងនេះត្រូវបានរៀបចំសាជាថ្មីឡើងវិញ ប៉ុន្តែជំនួសដោយការធ្វើឡើងផ្ទាល់ កិច្ចប្រជុំទាំងនោះត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញជំនួសវិញ៕