BREAKING NEWS៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាអភិបាលរាជធានី-ខេត្តបង្រ្កាបទីតាំងល្បែងផ្សងសំណាងជាបន្ទាន់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារសំឡេងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ចាត់វិធានការត្រួតពិនិត្យជាបន្ទាន់នូវទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានរបស់ខ្លួន។
សម្តេចមហាបវរធិបតី បានបញ្ជាឱ្យចាត់វិធានការបិទទីតាំងល្បែងផ្សងសំណាងដែលទើបតែបើកថ្មី ហើយត្រូវរាយការណ៍មកសម្តេចធិបតី ដើម្បីចាត់វិធានការដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត និងទូទាំងប្រទេសតែម្តង។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នេះជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នាដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ ពោលមិនមែនជាពេលវេលាពង្រីកទីតាំងល្បែងនោះទេ ទោះបីមានច្បាប់អនុញ្ញាតក៏ដោយ៕