កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាល នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានអះអាងថា ការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បែបនេះក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។

អភិសន្តិបណ្ឌិត ស សុខា បានថ្លែងដូច្នេះថា៖ «៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។

ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។

គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ឈរលើអភិក្រមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។

ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យសិស្សនាយនគរបាល នាយនគរបាលរងដែលបញ្ចប់ការសិក្សានៅសាលានគរបាលជាតិភូមិភាគ១ ត្រូវមានស្មារតីម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដើមចេញពីខ្លួនឯងជាមុន ពីព្រោះប្រសិនបើកងកម្លាំងណាម្នាក់ផុងខ្លួនប្រើប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងសង្គម ក្រសួងនឹងសម្រេចបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក