វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ប្រាសាទបាសែត ឬស្រីជ័យក្សេត្រ ដែនដីនៃជ័យជម្នះ

បាត់ដំបង៖ ប្រាសាទបាសែត មានឈ្មោះដើមថា ស្រីជ័យក្សេត្រ ដែលមានន័យថា ដែនដីនៃជ័យជម្នះ មានទីតាំងស្ថិតនៅ លើទីទួលមួយ ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់វត្តបាសែត មានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រគិតពីសាលាខេត្តបាត់ដំបង។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាសាទនេះ ត្រូវបានកសាងឡើងនៅដើមសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្មម៌ទី១ (១០០២-១០៥០) នៃគ្រិស្តសករាជ ដើម្បីតម្គល់សិវលិង្គមួយឈ្មោះថា សូរ្យវម្មេស្វរៈ ជាលទ្ធិទេវរាជ្យតំណាងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័ម៌ទី១ ឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។

ប្រាសាទបាសែតជាសំណង់ប្រាសាទ មានការប្រើប្រាស់ក្បាច់ចម្លាក់ទម្រង់ ប្រហាក់ប្រហែលគ្នាស្ទើគ្រប់ជ្រុងនៃប្រាសាទ៖

•ផ្តែរភាគច្រើនលម្អដោយរាហុនៅចំណុចកណ្តាលមានដងធ្នូកោងមួយជាន់និងពីរជាន់ ផ្នែកខាងចុងនៃដងធ្នូមានក្បាច់អង្គរទម្រង់វង់ហៀនលម្អដោយកញ្ចាំងកន្ទុយហង្ស

• សសរផ្អោបមានការពេញនិយមប្រើប្រាស់ក្បាច់អង្គរទម្រង់ត្របកឈូកចំពីមុខ-ស្លឹកពោធិ៍តម្រួតគ្នាជាជួរបជ្ឈរ

• សសរពេជ្រមានថ្នាំងញឹកហើយល្អិត ភាគច្រើនឆ្លាក់មិនទាន់រួចរាល់

• ដងក្តារនិយមក្បាច់អង្គរទម្រង់ចង្វាយក្បាច់ថ្នាំងអំពៅ

• សន្លឹករកានិយមអង្គរទម្រង់ចង្វាយក្បាច់ថ្នាំងអំពៅ

• ពេជ្រដងក្តារនិយមប្រក្បាច់អង្គររូបដូចស្លឹកពោធិលម្អដោយក្បាច់ថ្នាំងអំពៅ

• ផ្ទៃហោជាងល្អដោយរឿងទេវកថា លាយជាមួយក្បាច់អង្គរទម្រង់វង់ហៀន

នៅក្បែរប្រាសាទនេះ មានស្រះបុរាណមួយ មានបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជម្រៅ ១០ម៉ែត្រ ដែលត្រូវបានគេជឿថា ស័ក្កសិទ្ធសម្រាប់ការបន់ស្រន់ និងបួងសួងផ្សេងៗ។

មុនឆ្នាំ២០១៨ ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ទើបត្រូវបានជួសជុល និងបញ្ចប់ការជួសជុលក្នុងកំឡុងឆ្នាំ២០១៨ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក