បុណ្យនៃសេចក្តីស្រឡាញ់ ឈ្មោះជាភាសាអង់គ្លេស Valentine’s Day ជាពិធីបុណ្យមួយធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលពិធីនេះពេញនិយមសម្រាប់យុវវ័យបង្ហាញក្តីស្រឡាញ់ទៅមនុស្សខ្លួនស្រឡាញ់ និងចូលចិត្ត។
ការពិត Valentine’s Day យកឈ្មោះតាមបុរសម្នាក់ឈ្មោះ Saint Valentine ដែលជាអ្នករើបម្រាស់ប្រឆាំងនឹងបទបញ្ជារបស់អធិរាជរ៉ូម៉ុាង ក្នុងសតវត្សទី៣ ដែលហាមឃាត់មិនឱ្យយុវវ័យប្រុសស្រីរៀបការជាមួយគ្នា បង្គំឱ្យយុវវ័យប្រុសៗនៅលីវធ្វើកងទ័ព។ លោក Saint Valentine បានរៀបចំផ្សំផ្គុំពិធីរៀបការស្ងាត់ៗឱ្យគូស្នេហ៍ក្មេងៗ។
ដោយសារតែការប្រឆាំងនេះហើយ បានជាលោក Saint Valentine ត្រូវបានកងទ័ពចាប់ខ្លួន និងកាត់ទោសប្រហារជីវិតដោយកាត់កចំថ្ងៃទី១៤ កុម្ភៈ។ ក្នុងអំឡុងលោក Saint Valentine ជាប់ឃុំនៅក្នុងគុក លោកបានកើតក្តីស្រឡាញ់ជាមួយនារីម្នាក់ដែលជាកូនរបស់ឆ្មាំគុកដែលតែងតែទៅសួរសុខទុក្ខលោក ហើយមុនលោកត្រូវបានយកទៅប្រហារជីវិត លោកបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីរូបនោះថា«ពី Valentineរបស់អ្នក»។
តាំងពីពេលនោះមក គេរៀបចំពិធីបុណ្យ Valentine’s Day ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់លោក Saint Valentine។ រហូតមកដល់សព្វថ្ងៃនេះមនុស្សទាំងប្រុសស្រីបានយកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបង្ហាញក្តីស្រឡាញ់គ្នាទៅវិញទៅមកតាមរយៈទិញជាកាដូ ផ្កា សូកូឡា ជូនដល់មនុស្សខ្លួនស្រឡាញ់ ឪពុកម្តាយ ក្រុមគ្រួសារ និងមិត្តភក្តិ ជាដើម។
បុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានយុវវ័យខ្មែរមួយចំនួនចាត់ទុកថាជាថ្ងៃបុណ្យសង្សារ ធ្វើឱ្យយុវតីមួយចំនួនភ្លើតភ្លើន ប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ហ៊ានលះបង់ខ្លួនប្រាណបញ្ជាក់ក្តីស្រឡាញ់ទៅគូសង្សារ ដែលនាំឱ្យបាត់បង់កិត្តិយសខ្លួនឯង និងកុ្រមគ្រួសារ។ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងក្រើនរំលឹកដល់សិស្សានុសិស្ស យុវជនប្រុសស្រី កុំភ្លើតភ្លើន និងយល់ខុសពីអត្ថន័យនៃបុណ្យសេចក្តីស្រឡាញ់៕