ភ្នំពេញ៖ រាជរដ្ឋាភិបាលនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី០៧ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិអ្នកនិពន្ធ»។
តាមអនុក្រឹត្យ «ទិវាជាតិអ្នកនិពន្ធ» រៀបចំឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។
រាជរដ្ឋាភិបាលបានណែនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធ ចូលរួមបំផុសដល់មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើម្បីបង្កើតស្មារតីចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ៕