ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសរកឃើញជំងឺអុតស្វាលើបុរសម្នាក់បន្ថែមទៀត ដែលនេះជាករណីទី១០។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺមានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។
ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផ្ទុកនៅព្រះរាជាណាចក្រកម្ពុជាមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។
យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣ ០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។
ក្រសួងសុខាភិបាលអំពាវនាវ និងក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ និងមានអនាម័យ៕