ក្រុមនិស្សិត និងសកម្មជនឥណ្ឌូណេស៊ីរៀបចំការតវ៉ាប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត
ឥណ្ឌូណេស៊ី៖ ក្រុមនិស្សិត និងសកម្មជនឥណ្ឌូនេស៊ីរាប់រយនាក់រៀបចំធ្វើបាតុកម្មនៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះ ជុំវិញសកម្មភាពរបស់ប្រធានាធិបតី Joko Widodo កំពុងជិតផុតអាណត្តិ ដែលក្រុមអ្នកតវ៉ាទាំងនេះយល់ឃើញថាជាការបំពានអំណាច និងជាបំបាក់ទឹកចិត្តអ្នកបោះឆ្នោតក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនាថ្ងៃពុធសប្តាហ៍នេះ។ បើតាមការអះអាង និងចុះផ្សាយក្នុងសារព័ត៌មានកន្លងមកបង្ហាញថា លោក Jokowi ពុំបានបង្ហាញការគាំទ្រជាក់លាក់ទៅលើបេក្ខភាពណាមួយច្បាស់លាស់ឡើយ ក្នុងចំណោមអ្នកឈរឈ្មោះលេចធ្លោទាំងបីដែលកំពុងប្រជែងតំណែងប្រធានាធិបតី។
យ៉ាងណាក្ដី លោក Jokowi បែរជាបង្ហាញការគាំទ្រខ្លាំងលើលោក Prabowo ជាបេក្ខភាពប្រធានាធិបតីមួយរូប ខណៈកូនប្រុសច្បងរបស់លោកគឺ Gibran Rakabuming Raka ក៏ជាបេក្ខភាពឈរឈ្មោះជាអនុប្រធានាធិបតីក្រោមតំណែងរបស់លោក Prabowo ផងដែរ។ ការស្ទង់មតិកាលពីសប្តាហ៍មុនបានព្យាករណ៍ថាលោក Prabowo អាចទទួលបានសម្លេងឆ្នោតច្រើនជាង ៥០ភាគរយ ខណៈគូប្រជែងរបស់លោកចំនួនពីររូបគឺ លោក Anies Baswedan និងលោក Ganjar Pranowo ប្រដេញតាមពីក្រោយប្រហែល ២០ពិន្ទុ។
ពលរដ្ឋជាអ្នកមានសិទ្ធិបោះឆ្នោតមួយចំនួនបានលើកឡើងដោយចោទជាបញ្ហាថា លោកប្រធានាធិបតី Jokowi ពុំបានបង្ហាញជំហរជាអព្យាក្រឹត្យឡើយ ដោយបន្ថែមថាទង្វើរបស់លោកប្រធានាធិបតីកំពុងធ្វើឱ្យជះឥទ្ធិពលមិនល្អលើលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ី ពោលគឺជាការផ្តល់ឱ្យនូវអត្ថប្រយោជន៍ដោយមិនយុត្តិធម៌៌លើបេក្ខភាពប្រជែងការបោះឆ្នោត។ ដោយឡែក ការមានផែនការគ្រោងរៀបចំការតវ៉ាមួយផ្សេងទៀតនៅរដ្ឋធានីចាកាតាផងដែរ។
គួរបញ្ជាក់ថា ការតវ៉ានេះបានកើតឡើងបន្ទាប់ពីមានការបង្ហោះវីដេអូឯកសារមួយដែលផលិតដោយអ្នកកាសែតស៊ើបអង្កេតឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Dandhy Laksono បានចោទប្រកាន់ថាមន្ត្រីរដ្ឋរួមទាំងប៉ូលីស និងមេដឹកនាំតាមតំបន់ និងមន្រ្តីរបស់រដ្ឋាភិបាលត្រូវបានប្រើប្រាស់ដើម្បីជំរុញឱ្យមានការគាំទ្រទៅលើបេក្ខភាពលោក Prabowo។ ភាពយន្តឯកសារដែលមានចំណងជើងថា "ការបោះឆ្នោតស្មោគគ្រោក" (Dirty Vote) ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន មានការចូលមើលរហូតដល់ទៅជាង ៤លានដងលើ YouTube គិតត្រឹមថ្ងៃចន្ទនេះ។
ដោយឡែក ក្រុមអ្នកគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Prabowo បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថាខ្លឹមសារភាគច្រើននៅក្នុងភាពយន្តឯកសារជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក Prabowo។ សូមបញ្ជាក់ថា ប៉ូលិសឥណ្ឌូណេស៊ីនឹងដាក់ពង្រាយបុគ្គលិកប្រឆាំងកុបកម្មប្រហែល ២៥,០០០នាក់នៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេស ដើម្បីធានាសន្តិសុខក្នុងអំឡុងពេលបោះឆ្នោត៕