
ប្រធានព្រឹទ្ធសភា ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំនៅចិនជួយទាក់ទាញវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាសម្តេចភក្តី សាយ ឈុំ បានជំរុញឱ្យ លោកស្រី សឿង រដ្ឋចាវី ដែលទើបតែតែងតាំងជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំនៅប្រទេសចិន ជួយបន្តផ្សព្វផ្សាយវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងទាក់ទាញវិនិយោគ និងភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាឱ្យកាន់តែច្រើន។
សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ដល់លោកស្រី សឿង រដ្ឋចាវី ក្នុងពេលលោកស្រីអញ្ជើញមកជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
សម្តេចភក្តី សាយ ឈុំ បានណែនាំឱ្យលោកស្រី សឿង រដ្ឋចាវី ពេលបំពេញភារកិច្ចជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។ ជាមួយគ្នានេះត្រូវផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរផងដែរ។
លោកស្រី សឿង រដ្ឋចាវី បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា លោកស្រីនឹងខិតខំបំពេញភារកិច្ចការទូតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានសក្តិសមជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ និងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា។
ទន្ទឹមនេះលោកស្រីថា នឹងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតប្រទេសផ្សេងៗ ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឱ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក។
គូសបញ្ជាក់ថា លោកស្រី សឿង រដ្ឋចាវី ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន និងប្រទេសម៉ុងហ្គោលី ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ជំនួសលោកស្រី ខែក កែមាលី ស៊ីសូដា ដែលកាន់តំណែងនេះតាំងពីឆ្នាំ២០០៧ ដែលកាន់តំណែងនេះយូរជាងគេ៕