កីឡា៖ អត្តពលិកម៉ារ៉ាតុងសញ្ជាតិកេនយ៉ា Kelvin Kiptum ដែលកំពុងកាន់កាប់កំណត់ត្រាពិភពលោក រួមជាមួយគ្រូបង្វឹករបស់លោកបានទទួលមរណភាព ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅតំបន់ Rift Valley កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈម្សិលមិញនេះ។
កីឡាករវ័យ ២៤ឆ្នាំខាងលើនេះបានបង្កើតកំណត់ត្រាល្អបំផុតមួយនៅឯព្រឹត្តិការណ៍ Chicago Marathon 2023 កាលពីខែតុលាកន្លងទៅ ពោលគឺចាយពេលត្រឹម ២ម៉ោង និង៣៥វិនាទីប៉ុណ្ណោះ ដោយបំបែកកំណត់ត្រារបស់កីឡាករមិត្តរួមជាតិកេនយ៉ា Eliud Kipchoge ដែលមានកំណត់ត្រា ២ម៉ោង ០១នាទី និង០៩វិនាទី នៅឯព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុង Berlin កាលពីឆ្នាំ២០២២កន្លងទៅ។
គួររំឮកថា Kiptum គឺជាកីឡាករដែលមានកំណត់ត្រាពេលវេលាល្អបំផុត ៣ ក្នុងចំណោម ៧ ព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្រ្ត គឺជាអត្តពលិកមួយរូបដែលគេរំពឹងថានឹងអាចបំបែកកំណត់ត្រារត់ម៉ារ៉ាតុងចាយពេលវេលាតិចជាង ២ម៉ោងដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត នៅឯព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង នាពាក់កណ្ដាលឆ្នាំ២០២៤នេះ។
ប្រធានសមាគមអត្តពលិកពិភពលោក លោក Sebastian Coe បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "ពួកយើងទាំងអស់គ្នាមានការតក់ស្លុត និងក្រៀមក្រំជាខ្លាំងក្រោយទទួលបានដំណឹងពីមរណភាពរបស់កីឡាករ Kelvin Kiptum និងគ្រូបង្វឹករបស់គេគឺលោកGervais Hakizimana។ ក្នុងនាមអត្តពលិកពិភពលោកទាំងអស់ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមក្រុម និងប្រជាជាតិកេនយ៉ា នូវការបាត់បង់អត្តពលិកដ៏អស្ចារ្យបំផុតមួយរូប"។
គួរបញ្ជាក់ថា បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា កីឡាករ Kiptum ជាអ្នកបើករថយន្តក្នុងនោះមានអ្នករួមដំណើរជាមួយរួមមាន គ្រូបង្វឹកសញ្ជាតិរ្វ៉ាន់ដា (Rwanda) លោក Gervais Hakizimana រួមជាមួយស្រ្តីម្នាក់ទៀតឈ្មោះ Sharon Kosgey ខណៈហេតុការណ៍នោះបានផ្តាច់ជីវិតបុរសទាំងពីរនាក់ភ្លាមៗ និងដោយឡែកស្រ្ដីដែលរួមដំណើរខាងលើស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ៕