លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក Trump រងការរិះគន់ខ្លាំងពីមន្រ្តីជាន់ខ្ពស់នៃលោកខាងលិច ជុំវិញមតិប៉ះពាល់ដល់អង្គការ NATO

អន្តរជាតិ៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ មន្រ្តីជាន់ខ្ពស់នៃបណ្ដាប្រទេសលោកខាងលិចបានរិះគន់អតីតប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីលោកបានបញ្ចេញមតិផ្ទាល់ខ្លួនថា សហរដ្ឋអាមេរិក ប្រហែលជាមិនអាចការពារប្រទេសជាសម្ព័ន្ធមិត្តណាតូ (NATO) ដែលពុំបានចំណាយកញ្ចប់ថវិកាគ្រប់គ្រាន់លើវិស័យការពារជាតិទល់នឹងការឈ្លានពានរបស់រុស្សី។ 

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "ការផ្តល់យោបល់ណាមួយដែលពាក់ព័ន្ធទៅនឹងសម្ព័ន្ធមិត្តអង្គការ NATO នឹងពុំអាចការពារគ្នាបានទៅវិញទៅមកនោះ ពិតជាបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងរបស់យើង ក៏ដូចជាសន្តិសុខរបស់សហរដ្ឋអាមេរិកផ្ទាល់ ព្រមទាំងបង្កើនហានិភ័យលើកកងកម្លាំងទាហានរបស់អឺរ៉ុប និងអាមេរិកផងដែរ"។ លោកបានបន្ថែមជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Donald Trump ថា៖ "រាល់ការវាយប្រហារណាមួយលើសមាជិក NATO នឹងត្រូវប្រឈមការឆ្លើយតបរួមគ្នា និងដោយបង្ខំរបស់សមាជិកទាំងអស់"។ 

ដោយឡែក រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz ក៏បានចេញមកថ្លែងសារពាក់ព័ន្ធនឹងប្រធានបទក្ដៅខាងលើផងដែរថា៖ "បាវចនារបស់ NATO គឺ (ម្នាក់សម្រាប់ទាំងអស់គ្នា, ទាំងអស់គ្នាសម្រាប់ម្នាក់) ដែលជាការប្តេជ្ញាយ៉ាងជាក់ស្តែង។ រាល់ចេតនាធ្វើឱ្យមានការប៉ះពាល់ដល់ទំនុកចិត្តរបស់សមាជិកណាមួយ គឺជាការជំរុញឱ្យអង្គការ NATO ទាំងមូលចុះខ្សោយ"។ លោកបន្ថែមថា៖ "មិនអាចឱ្យយុទ្ធនាការឃោសនាបោះឆ្នោតណាមួយ អាចយកមកប្រើជាលេសដើម្បីប៉ះពាល់ដល់សន្តិសុខរបស់អង្គការ NATO ទាំងមូលឡើយ"។ 

ងាកមកក្រសួងការបរទេសអាល្លឺម៉ង់ឯណេះវិញ ក៏បានប​ង្ហោះសារជាភាសាអង់គ្លេសមួយនៅលើបណ្ដាញសង្គម X របស់ខ្លួនផងដែរថា 'One for all and all for one' រួមជាមួយឃ្លាភ្ជាប់ (Hashtag) #StrongerTogether ក្រោយពីមតិដែលលើកឡើងដោយលោក Donald Trump។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel បាននិយាយថា "សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងមិនប្រុងប្រយ័ត្ន ស្តីពីសន្តិសុខរបស់អង្គការ NATO ព្រមទាំងប៉ះពាល់ដល់មាត្រា ៥ របស់ NATO គឺធ្វើឡើងដើម្បីជាផលប្រយោជន៍របស់លោក ពូទីន តែប៉ុណ្ណោះ"។ មាត្រា ៥ នៃសន្ធិសញ្ញាអង្គការ NATO ចែងថា "ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកនៃសម្ព័ន្ធភាព នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកទាំងអស់ ដែលបង្កឱ្យមានការការពារខ្លួនរួមជាសមូហភាព"។

គួរបញ្ជាក់ថា លោក Trump បាននិយាយក្នុងអំឡុងពេលបាតុកម្មនយោបាយនៅរដ្ឋ South Carolina និងបាននិយាយរំឮកឡើងវិញនូវកិច្ចប្រជុំជាមួយមេដឹកនាំអង្គការ NATO ហើយមានមេដឹកនាំនៃ "ប្រទេសធំមួយ" ដែលលោកមិនបានបញ្ជាក់ឈ្មោះបានលើកឡើងជាសំណួរថា "ប្រសិនបើយើងពុំបានបង់វិភាគទាន ហើយយើងត្រូវរងការវាយប្រហារដោយរុស្សី តើអង្គការ NATO នឹងការពារយើងទេ?" ហើយលោកបានឆ្លើយថាអត់ទេ! អ្នកត្រូវតែបង់ បើមិនអញ្ចឹងទេ គេ (រុស្សី) ចង់ធ្វើអីក៏ធ្វើទៅ!៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក