ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

កូនឈើគ្រប់ប្រភេទជាង ២០ម៉ឺនដើម ត្រូវបានចែកដល់ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការ ១០តុលា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០តុលា មកទល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីក្រសួងបរិស្ថានបានចែកកូនឈើគ្រប់ប្រភេទចំនួន ២០០ ៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរិចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាម។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦ ១៦៣ដើម សម្រាប់យុទ្ធនាការ ១០តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០ភាគរយ នៅឆ្នាំ២០៥០។

មន្រ្តីអ្នកនាំពាក្យរូបនេះ បានវាយតម្លៃថាយុទ្ធនាការ ១០តុលា ចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ដល់ប្រជាពលរដ្ឋដាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទទួលបានជោគជ័យ ដោយមន្ត្រីបរិស្ថាននៅតាមមន្ទីរទូទាំងរាជធានី-ខេត្ត បន្តបណ្តុះកូនឈើគ្រប់ប្រភេទ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រជាពលរដ្ឋចាប់ពៅខែកក្កដាខាងមុខតាមគ្រោងទុក។

លោកបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង ៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង ៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង ៣០ម៉ឺនដើម ដែលជាអំណោយរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត ។

គួរឱ្យដឹងដែរថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញនូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននិងអនុវត្តដោយពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ខណៈផែនការយុទ្ធសាស្រ្តទី២នេះ បានរៀបចំឡើងលើការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួល អាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់ ៦០% នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់ ១០០ភាគរយ មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

លើសពីនេះ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក