បាត់ដំបង៖ រយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបជិត ៩ម៉ឺននាក់ កើនឡើង ១៥,៨៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា របាយការណ៍ស្ថិតិភ្ញៀវទេសចរ មកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបមាន ៨៩ ៤៤៦នាក់ កើនឡើង ១៥,៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៧ ១៩០នាក់។
របាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ៨៨ ៥៧២ នាក់ កើនឡើង ១៥,៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៦ ៤៩៤នាក់។
ដោយឡែក ភ្ញៀវអន្តរជាតិ មានចំនួន ៨៧៤នាក់ កើនឡើង ២៥,៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់។
គួរឱ្យដឹងដែរថា តំបន់រមណីយដ្ឋានក្នុងខេត្តបាត់ដំបងដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្តច្រើន គឺរមណីយដ្ឋានភ្នំបាណន់ និងមណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ ដែលភ្ញៀវទេសចរភាគច្រើនទៅពិសាអាហារ និងជិះឡូរីលេងកម្សាន្ត និងរមណីយដ្ឋានភ្នំសំពៅ ដែលនាពេលល្ងាចភ្ញៀវទេសចរអាចមើលហ្វូងសត្វប្រជៀវហោះចេញទាំងហ្វូងធំទៅកាន់គោលដៅរបស់វា និងតំបន់ទេសចរណ៍ ដែលមានទឹកធ្លាក់ដូចជានៅស្រុករតនមណ្ឌល ស្រុកសំឡូត និងតំបន់ទេសចរណ៍បែបវប្បធម៌ប្រាសាទឯកភ្នំជាដើម៕