ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

រយៈពេល៣ថ្ងៃចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សជាង ៥០នាក់ស្លាប់ និងរបួស

ភ្នំពេញ៖ ត្រឹមតែរយៈពេល ៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ជនរងគ្រោះទាំង ២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេសដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងដូចនេះ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន ៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។

លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន ១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន ៩នាក់ និងរបួស ២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន ៨នាក់ និងរបួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប ១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១ករណី ស្លាប់ ៦នាក់ និងរបួស ១១នាក់។

អ្នកនាំពាក្យរងបន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ ដោយបញ្ហានេះជារបៀបវារៈអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ (បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) របស់ក្រសួងមហាផ្ទៃ។

លោកបានឱ្យដឹងទៀតថា ដោយប្រតិបត្តិតាមអនុសាសន៍របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាពិសេសការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់។

គួរឱ្យដឹងដែរថា នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣ ៣១៧លើក (យប់ ៥៥ភាគរយ) បណ្តាលឱ្យមានអ្នកស្លាប់ ១ ៥៩០នាក់ និងរបួស ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះមានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០ភាគរយ ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩ភាគរយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក