បន្ទាយមានជ័យ ៖ បុរសម្នាក់ ដើរបេះបន្លែ ក្នុងព្រៃ យកមកលក់ តែជួបគ្រោះអកុសលដើរជាន់មីនបណ្តាលឱ្យផ្ទុះដាច់ជើងទាំង២។
ហេតុការណ៍ផ្ទុះមីននេះ កើតឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចំការមីន(តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះជាអ្នកដើរបេះបន្លែក្នុងព្រៃ មុនពេលកើតហេតុជនរងគ្រោះ បានដើររកបេះបន្លែស្លឹកព្រេច ដើម្បីលក់ដូចសព្វមួយដង ហេីយបានដើរជ្រុលចូលទៅក្នុងព្រៃចំការមីនខាងលើ ក៏បានជួបគ្រោះអកុសលជាន់មីនបណ្តាលឱ្យផ្ទុះមីនដាច់ជើង ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ រួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន៕