វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងការសម្អាតប្រាក់ ប្រកបដោយភាពម្ចាស់ការ និងស្មារតីបុរេសកម្ម

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ ឯកឧត្តម កើត រិទ្ធ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីដាក់ចេញទិសដៅការងារប្រឆាំងការសម្អាតប្រាក់ សំដៅសម្រេចឱ្យបាននូវរបាយការណ៍វាយតម្លៃថ្នាក់ជាតិលើក២ ក្នុងឆ្នាំ២០២៤។

នាឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំយន្តការអន្តរស្ថាប័នដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធាន និងសមាជិក នៃ គ.ស.ហ.។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការងារប្រឆាំងការសម្អាតប្រាក់នៅតែជាកិច្ចការអាទិភាពមួយរបស់កម្ពុជា ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ របស់ FATF កាលពីឆ្នាំ២០២៣ ក៏ដោយ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងការសម្អាតប្រាក់ ប្រកបដោយភាពម្ចាស់ការ និងស្មារតីបុរេសកម្ម ដើម្បីឱ្យយន្តការមួយនេះដំណើរការទៅដោយរលូន មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវនិរន្តរភាព សំដៅធ្វើយ៉ាងណាកុំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ FATF ជាថ្មីម្ដងទៀត ដែលនេះជាបំណងប្រាថ្នានយោបាយ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក