ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យក្រសួងព័ត៌មានថា ក្រសួងនឹងការពារដល់អ្នកសារព័ត៌មានក្នុងករណីជួបប្រទះបញ្ហាក្នុងពេលបំពេញការងារ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថាការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការចាំបាច់ដែលត្រូវធ្វើដើម្បីរួមចំណែកលើកស្ទួយអាជីពសារព័ត៌មាន និងតម្លៃវិជ្ជាជីវៈ។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថាអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ ដែលជាអាទិភាពស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលព័ត៌មាននៅកម្ពុជា ហើយត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក។

លោកថា៖ «ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន សម្រាប់អ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ពោលគឺក្រសួងព័ត៌មានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ អង្គច្បាប់ និងអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទ»។

ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មានបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។ ទន្ទឹមនេះ ក្រសួងព័ត៌មានក៏កំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។ 

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នក្រសួងកំពុងលើកកម្ពស់គុណភាពសារព័ត៌មានតាមរយៈការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួលសម្រាប់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាននិងអនុវត្តអាជីពរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងដោយវិជ្ជាជីវៈផងដែរ។

ដោយឡែកក្នុងក្របខណ្ឌនៃការពង្រឹងអភិបាលកិច្ចល្អ ក្រសួងព័ត៌មានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មានឲ្យស្របទៅនឹងការវិវត្ត និងភាពរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាឲ្យស្របនឹងនិន្នាការតំបន់ និងសកល សម្រាប់វិស័យព័ត៌មាន។ ទន្ទឹមនេះទៀតដែរ ក្រសួងព័ត៌មានបានអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ ដោយទទួលជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានទទួលបានការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាកម្មជាមួយស្ថាប័នសុខភាពដៃគូរបស់ក្រសួង។

លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល និងលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ ក្នុងការរួមចំណែកដល់ការការពារថែរក្សាសុខសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក