កោះកុង៖ រដ្ឋបាលជលផល សហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តកោះកុង នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះបង្រ្កាបទីតាំងជួញដូរសត្វព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយរកឃើញប្រភេទសត្វកំពុងរងគ្រោះ និងសត្វព្រៃជាច្រើនប្រភេទ។
ប្រភេទសត្វព្រៃទាំងនោះរួមមាន កន្ធាយអាស៊ីរស់ចំនួន ៦ក្បាល ទម្ងន់១៦,៥០គីឡូក្រាម អណ្តើកសោមឈ្មោលចំនួន ២៨០ក្បាល ទម្ងន់១៩៦គីឡូក្រាម អណ្តើកបិទមុខចំនួន ៧ក្បាល ទម្ងន់៧គីឡូក្រាម សត្វពពូលងាប់ចំនួន ៦២ក្បាល សត្វក្លុំងាប់ ចំនួន ៥២ក្បាល សាច់ជ្រូកព្រៃស្រស់ ទម្ងន់១០គីឡូក្រាម សាច់សំពោចងាប់ចំនួន២ក្បាល ទម្ងន់០,៦០គីឡូក្រាម និងសាច់កាំប្រមាស្រស់ ទម្ងន់០,៥០គីឡូក្រាម។
បន្ទាប់ពីបានកសាងសំណុំរឿង ជនសង្ស័យបានសារភាពទោសកំហុស និងយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ជូនរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើតាមនីតិវិធី។
ចំពោះករណីបទល្មើសជលផល ជនសង្ស័យបានយល់ព្រមប្រគល់វត្ថុតាងដែលជាសត្វរស់ទាំងអស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល។
សម្រាប់សត្វកន្ធាយអាស៊ី៦ក្បាល និងអណ្តើកសោមឈ្មោលចំនួន៦០ក្បាល ត្រូវបានសមត្ថកិច្ចជលផលប្រគល់ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីថែបំប៉ននិងសិក្សាស្រាវជ្រាវ។
ចំណែកអណ្តើកបិទមុខចំនួន៧ក្បាល និងអណ្តើកសោមឈ្មោលចំនួន២២០ក្បាលទៀត ត្រូវបានលែងក្នុងដែនជម្រកធម្មជាតិនៃតំបន់អភិរក្សប្រព័ន្ធស្ទឹងព្រាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង៕