កីឡា៖ ក្លិបបាល់ទាត់ Inter Miami បានចេញមុខមកសុំអភ័យទោសចំពោះអវត្តមានរបស់ Messi ក្នុងការប្រកួតទល់នឹងក្រុមកីឡាករជម្រើសហុងកុង ដែលការសម្រេចចិត្តមិនដាក់ Messi ចូលលេងក្នុងការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រខកចិត្ត និងខឹងសម្បារជាខ្លាំង ក៏ប៉ុន្តែក្លិបបាល់ទាត់នៃលីគកំពូលអាមេរិកនេះបានលើកឡើងថាវាពិតជាមានភាពចាំបាច់ដែលខ្លួនត្រូវតែសម្រេចចិត្ត។
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រួមជាមួយមិត្តរួមក្រុម Luis Suarez បានខកខានបង្ហាញខ្លួនក្នុងការប្រកួត ចំពោះមុខអ្នកគាំទ្រណែនណាន់តាន់តាប់ចំនួន ៤០,០០០នាក់នៅឯកីឡដ្ឋានទីក្រុងហុងកុង ខណៈក្រុមវេជ្ជបណ្ឌិតរបស់ក្លិបបានវាយតម្លៃថា ស្ថានភាពរបួសជាក់ស្ដែងរបស់កីឡាករខាងលើ វាហាក់ប្រថុយប្រថានពេក ប្រសិនបើកីឡាកររូបនេះចូលលេងក្នុងការប្រកួតខាងលើ។
ទោះជាយ៉ាងណាក្ដី នៅរយៈពេល ៣ថ្ងៃក្រោយមក Messi បានបង្ហាញខ្លួន និងប្តូរចូលក្នុងការប្រកួតមិត្តភាពរវាង Inter Miami ជាមួយក្លិបជប៉ុន Vissel Kobe នៅឯទីក្រុងតូក្យូ ប៉ុន្តែអ្នកគាំទ្រពុំបានចូលរួមកុះករដូចការប្រកួតមុនៗឡើយ ពោលគឺសំបុត្រទស្សនានៅឯកីឡដ្ឋានជាតិជប៉ុន ( Japan National Stadium) ត្រូវបានលក់ចេញតែ ២៨,៦១៤សំបុត្រប៉ុណ្ណោះ ខណៈកីឡដ្ឋាននេះអាចផ្ទុកអ្នកគាំទ្របានដល់ទៅ ៤៨,០០០នាក់។
ទន្ទឹមនឹងការសុំអភ័យទោសពីអ្នកគាំទ្រ ក្លិប Inter Miami ក៏បានបញ្ជាក់ផងដែរថា ក្លិបគ្រោងនឹងមានវត្តមាននៅលើទឹកដីហុងកុងសាជាថ្មីម្តងទៀត ប្រសិនបើអ្នកគាំទ្រទាំងអស់នៅតែបើកចិត្តស្វាគមន៍វត្តមានរបស់ក្លិប៕