អ៊៊ីរ៉ាក់៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Yahya Rasool បានថ្លែងប្រាប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតប្រឆាំងនឹងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ កំពុងជំរុញឱ្យរដ្ឋាភិបាលបញ្ចប់បេសកកម្មនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរបស់ខ្លួន។
ដោយឡែក យោធាអាមេរិកបានបញ្ជាក់ថា ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅបានសម្លាប់មេបញ្ជាការម្នាក់នៃក្រុម Kataib Hezbollah ជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលកន្លងមកមន្ទីរបញ្ចកោណអាមេរិកបានថ្កោលទោសទៅលើក្រុមនេះចំពោះសកម្មភាពវាយប្រហារមកលើយោធារបស់ខ្លួន។
លោក Rasool បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានក្លាយទៅជាកត្តាមួយដែលជាមូលហេតុនៃអស្ថិរភាព និងជាការគម្រាមកំហែង និងលូកដៃចូលក្នុងអធិបតេយ្យអ៊ីរ៉ាក់នៅក្នុងវដ្តនៃជម្លោះ។ គួរបញ្ជាក់ថា សម្ព័ន្ធយោធាអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ ត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ដែលក្នុងនោះសហរដ្ឋអាមេរិកមានកងកម្លាំងឈរជើងនៅអ៊៊ីរ៉ាក់ចំនួន ២,៥០០នាក់ ដែលជាក្រុមផ្តល់ប្រឹក្សា និងជួយប្រឆាំងជៀសវាងវត្តមានជាថ្មីនូវក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។
គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសកាលពីខែតុលាកន្លងទៅ គេសង្កេតឃើញថាមានការវាយប្រហារគ្នាបានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ដែលជាការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធដែលគាំទ្រអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិកដែលឈរជើងក្នុងតំបន់នោះ៕