ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកពីរដាច់ដោយឡែកពីគ្នា ដែលបានកើតឡើងកាលពីថ្ងៃពុធម្សិលមិញនេះ ស្ថិតខេត្តមួយនៅភាគនិរតីប្រទេសប៉ាគីស្ថាន ខណៈការបោះឆ្នោតជាតិធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាព្រឹត្តិការណ៍នៃការបោះឆ្នោតពោរពេញដោយហិង្សា និងការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត។
មន្ត្រីសន្តិសុខជាងកន្លះលាននាក់ត្រូវបានដាក់ពង្រាយទូទាំងប្រទេសនៅមុនការបោះឆ្នោតដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈអាជ្ញាធរជាតិរៀបចំការបោះឆ្នោតបានរៀបចំមណ្ឌលបោះឆ្នោតប្រមាណជា ៩០,០០០មណ្ឌលនៅទូទាំងប្រទេស។ មុនហេតុការណ៍បំផ្ទុះគ្រាប់បែកនេះកើតឡើង គេក៏ឃើញមាននូវហេតុការណ៍អសន្តិសុខជាច្រើនបានកើតឡើងអំឡុងមុនការបោះឆ្នោត ដោយយ៉ាងហោចណាស់មានបេក្ខជនឈរឈ្មោះចំនួន ២នាក់ត្រូវបានគេលួចបាញ់សម្លាប់ និងរាប់សិននាក់ផ្សេងទៀតជាគោលដៅនៃការវាយប្រហារនៅទូទាំងប្រទេស។
លោក Jan Achakzai រដ្ឋមន្រ្តីព័ត៌៌មានស្ដីទីនៃខេត្ត Balochistan ដែលជាទីតាំងកើតហេតុថ្លែងថា៖ "ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃនេះ មានគោលដៅដើម្បីបំផ្លាញការបោះឆ្នោត"។ លោកបន្តថា៖ "ទោះជាមានហេតុការណ៍បំផ្ទុះគ្រាប់បែកនេះក៏ដោយ ការបោះឆ្នោតនៅតែធ្វើឡើងជាធម្មតា។ ប្រជាជននៃខេត្ត Balochistan នៅតែចេញមកបោះឆ្នោតជាធម្មតាដោយមិនមានភាពភ័យខ្លាចអ្វីឡើយ"។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ផ្ទុះលើកទី១ បានសម្លាប់មនុស្សចំនួន ១៦នាក់ ដែលកើតឡើងនៅជិតការិយាល័យរបស់បេក្ខជនឈរឈ្មោះឯករាជ្យមួយនៅស្រុក Pishin ចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីក្រុង Quetta និងប្រហែល ១០០គីឡូម៉ែត្រពីព្រំដែនអាហ្វហ្គានីស្ថាន។ ដោយឡែក ហេតុការណ៍ទី២ បានកើតឡើងនៅក្បែរនឹងការិយាល័យបោះឆ្នោតរបស់បេក្ខជនរបស់គណបក្សអ៊ីស្លាមនិយម Jamiat Ulema-e-Islam-F (JUI-F) ក្នុងទីក្រុង Killa Saifullah។ គួររំឮកថា កាលពីខែកក្កដា ឆ្នាំមុន មនុស្សចំនួន ៤៤នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយក្នុងពិធីជួបជុំគណបក្សនយោបាយនៅខេត្ត Khyber Pakhtunkhwa។
អ្នកនាំពាក្យនៃអង្គការសហប្រជាជាតិ លោក Stephane Dujarric ថ្លែងថា៖ "UN សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏គួរឱ្យរន្ធត់ និងហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកនេះ ដែលបានសម្លាប់មនុស្ស និងបណ្តាលឱ្យមានការរងរបួសជាច្រើននាក់ ត្រឹមមួយថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត ដែលច្បាស់ណាស់ថាហេតុការណ៍នេះពាក់ព័ន្ធទៅនឹងការបោះឆ្នោត"។ លោកបន្តថា៖ "លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចង់សង្កត់ធ្ងន់លើសិទ្ធិរបស់ប្រជាជនប៉ាគីស្ថានក្នុងការចូលរួមក្នុងការបោះឆ្នោតដែលគ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ និងដោយស្មោះត្រង់ និងក្នុងបរិយាកាសដែលគ្មានអំពើហិង្សា"៕