ភ្នំពេញ៖ មន្ត្រីជំនាញនៃ ក.ប.ប. នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានចុះទៅត្រួតពិនិត្យនៅកន្លែងចែកចាយគ្រឿងសមុទ្រនៅម្តុំត្រឡោកបែក ដោយរកឃើញបង្គាចាក់ចាហួយចំនួន ២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម។
ប្រធាន ក.ប.ប សាខារាជធានីភ្នំពេញ លោក ហេង ម៉ាលី បានបញ្ជាក់ប្រាប់ EAC ថា បង្គាចាក់ចាហួយជាង ៤តោននេះ ត្រូវបានមន្ត្រី ក.ប.ប រកឃើញនៅក្នុងរថយន្តដែលកំពុងចែកចាយនៅតាមស្តង់លក់មួយចំនួននៅត្រឡោកបែក ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហេង ម៉ាលី បន្តថា បង្គាចាក់ចាហួយជាង ៤តោននេះ ត្រូវបានដកហូត និងយកទៅបំផ្លាញចោលតាមនីតិវិធីនៅទីលានចាក់សម្រាម ខណ្ឌដង្កោ ក្រោយពីទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រធាន ក.ប.ប សាខារាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះបានអំពាវនាវដល់អ្នកប្រកបមុខរបរអាជីវកម្មលក់បោះដុំ និងរាយគ្រឿងសមុទ្រទាំងឡាយមិនត្រូវលក់ផលិតផលដែលផ្តល់ផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។
លោកបន្តថា ក្នុងករណីប្រទះឃើញផលិតផលដែលប៉ះពាល់បញ្ហាសុខភាព ពលរដ្ឋអាចផ្តល់ព័ត៌មាន និងដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់បាន។
គួរឱ្យដឹងថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ប៉ុន្តែឈ្មួញខិលខូចមិនបានគិតឡើយថា សារធាតុនេះវានាំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ ហើយជាបទល្មើសខុសច្បាប់៕