គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន ស្នើគណៈកម្មាធិការអូឡាំពិកអន្តរជាតិឱ្យស៊ើបអង្កេតលើអត្តពលិករុស្សី និងអ៊ុយក្រែន
កីឡា៖ គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន បានស្នើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឱ្យស៊ើបអង្កេតលើការចូលរួមរបស់អត្តពលិករុស្ស៊ី និងអត្តពលិកបេឡារុស្សនៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បន្ទាប់ពីមានការចោទប្រកាន់មួយបានធ្វើឡើងពាក់ព័ន្ធនឹងការចូលរួមក្នុងនាមជាអត្តពលិកអព្យាក្រឹត្យរបស់អត្តពលិកនៃប្រទេសទាំងពីរនេះ។
ប្រធានគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែនលោក Vadym Huttsait បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធាន IOC លោក Thomas Bach ដែលមានខ្លឹមសារថា៖ "ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀតអំពីបញ្ហានៃការចូលរួមប្រកួតរបស់អត្តពលិកឯកត្តជអព្យាក្រឹត្យ ដោយប្រើប្រាស់លិខិតឆ្លងដែនរុស្សី និងបេឡារុស្ស ជាពិសេសអត្តពលិកដែលចូលរួមប្រកួតកីឡាចំបាប់ នៅក្នុងកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ និងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃការចូលរួមដែលបានណែនាំដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ"។
កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ IOC បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យអត្តពលិកជនជាតិរុស្សី និងបេឡារុស្ស ដែលឆ្លងផុតការប្រកួតវគ្គជម្រុះ អាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាពិក ឆ្នាំ២០២៤ បាន ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌជាអត្តពលិកអព្យាក្រឹត្យ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទង់ជាតិ សញ្ញាជាតិ ឬភ្លេងជាតិនៃប្រទេសរបស់ខ្លួនក្នុងការប្រកួតឡើយ។ អត្តពលិកដែលផ្តល់សិទ្ធិពិសេសឱ្យចូលរួមនេះ ត្រូវសន្យាជាឱឡារិកថាខ្លួនមិនមានជាប់ពាក់ព័ន្ធ ឬមានសកម្មភាពគាំទ្រសង្គ្រាមនៅអ៊ុយក្រែន ហើយមិនត្រូវមិនកិច្ចសន្យាណាមួយជាមួយកងទ័ពរុស្សី កងទ័ពបេឡារុស្ស ឬភ្នាក់ងារសន្តិសុខជាតិ (NSA) ឡើយ។
ដោយភ្ជាប់ជាមួយបញ្ជីកីឡាករមួយចំនួនដែលគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែនយល់ឃើញថា មិនបានបំពេញតាមលក្ខខណ្ឌក្នុងនាមជាអត្តពលិកអព្យាក្រឹត្យ លោក Vadym Huttsait ថ្លែងថា៖ "យើងចង់ស្នើសុំឱ្យ IOC ចំណាយការយកចិត្តទុកដាក់ខ្លាំងដើម្បីពិនិត្យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌរបស់អត្តពលិកទាំងអស់នេះ"។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឯទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕