ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីមហាផ្ទៃប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ខណៈការបង់កម្រៃសេវាតាមប្រព័ន្ធធនាគារអនុវត្តជាផ្លូវការហើយ។

លោក ស សុខា បានប្រកាសដូចនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នាថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

លោកបានឱ្យដឹងថា សម្រាប់ការស្នើសុំស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថល ដូចបានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថល រវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះ លោកក៏បានគូសបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬឌីជីថលនេះ ទើបតែត្រូវបានដាក់អនុវត្តសាកល្បង កាលពីពាក់កណា្ដលឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ នឹងពង្រីកការអនុវត្តសាកល្បងនេះ ទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ចំនួន៨ បន្ថែមទៀត រួមមាន ខេត្តសៀមរាប កំពត បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពង់ធំ និងខេត្តកំពង់ឆ្នាំង។

លោក ស សុខា បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បន្តចូលរួមសហការ លើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមវិស័យជំនាញនីមួយៗ នៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវផ្សព្វផ្សាយ ព្រមទាំងពន្យល់ជូនពលរដ្ឋឱ្យបានកាន់តែច្បាស់អំពីសេវាច្រកចេញតែមួយ រួមទាំងយន្តការថ្មីៗ ដូចជាការទូទាត់កម្រៃសេវាតាមប្រព័ន្ធទូទាត់វិក្កយបត្រ និងការអនុវត្តសាកល្បងការស្នើសុំនិងទទួលសេវាតាមប្រព័ន្ធអនឡាញជាដើម។

គួរឱ្យដឹងដែរថា ក្រសួងមហាផ្ទៃបានសហការជាមួយក្រុមហ៊ុន KESS Innovation PLC រៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងជាជំហានៗនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប កាលពីឆ្នាំ២០២១ និងត្រូវបានពង្រីកជាបន្តបន្ទាប់ មុននឹងត្រូវបានប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃនេះ។

កម្ពុជា ចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ កាលពីឆ្នាំ២០០៥។ មុននឹងដំណើរការជាផ្លូវការដូចសព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តសាកល្បង នៅស្រុកគោលដៅ ចំនួន២ គឺ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងស្រុកសៀមរាប ខេត្តសៀមរាប ដែលកាលនោះមិនទាន់ក្លាយជាក្រុងនៅឡើយ ក្រោមការជួយគាំទ្រពីសហភាពអឺរ៉ុប តាមរយៈអង្គការខុនរ៉ាដអាឌិនណៅអ៊ែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក