ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោបានបង្ហោះរូបភាពមួយចំនួននៅយប់ថ្ងៃសុក្រ ចុងសប្តាហ៍នេះ ជាមួយការសរសេររៀបរាប់រំលឹកនូវរឿងអតីតកាលដែលសម្តេចតេជោបានជួបប្រទះកាលពី៣០ឆ្នាំមុន។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា “ជាង៣០ឆ្នាំមុនគ្រួសារខ្ញុំមានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯងក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើនតម្រូវអោយយើងធ្វើដោយខានមិនបាន។ នឹកឃើញរឿងលំបាកពីអតីតកាលកាន់តែធ្វើអោយខ្ញុំខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាពនិងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិនិងប្រជាជនដ៏កំសត់របស់យើង”
គួររំលឹកផងដែរថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់របប៣ឆ្នាំ ៨ខែ ២០ថ្ងៃក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វធាតុជាដើម។
កាលពីក្នុងសម័យវាលពិឃាត ពោលគឺជាង៣០ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើត របស់មនុស្សក៏គ្មានដែរ៕