អន្តរជាតិ៖ រាជាណាចក្រអារ៉ាប៊ីសាអូឌីតបានថ្លែងប្រាប់ទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននៅតែប្រកាន់គោលជំហរដូចដើមដដែលគឺ "មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែលឡើយ" ដរាបណាគ្មានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានទទួលស្គាល់ស្របតាមបំណែងចែកព្រំដែនឆ្នាំ១៩៦៧ រួមជាមួយទង្វើនៃការឈ្លានពានរបស់អ៊ីស្រាអែលទៅលើតំបន់់ហ្គាហ្សាត្រូវបញ្ឈប់ទាំងស្រុង។ នេះបើផ្អែកតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈនេះ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យទទួលបន្ទុកសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋបាលនៃប្រធានាធិបតី Joe Biden បានទទួលនូវការឆ្លើយតបជាវិជ្ជមានថា អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល មានឆន្ទៈក្នុងការបន្តការពិភាក្សាក្នុងស្ថានភាពធម្មតាដដែល។ យ៉ាងណាមិញ រាជាណាចក្រនៃតំបន់ឈូងសមុទ្រអារ៉ាប់ខាងលើបានចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ជំហរដ៏រឹងមាំរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបទៅនឹងបញ្ហាប៉ាឡេស្ទីន ក៏ដូចជាឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Kirby។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមឱ្យមាននូវទំនាក់ទំនងជាផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នៅតែកំពុងស្ថិតក្រោមការពិចារណា និងពិភាក្សានៅឡើយ ពោលគឺចាប់តាំងពីអារ៉ាប៊ីសាអូឌីតបានបង្ហាញភាពស្ងប់ស្ងាត់ និងពុំមានប្រតិកម្មជាផ្លូវការណាមួយជុំវិញការប្រកាសបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងអ៊ីស្រាអែល ជាមួយអារ៉ាប់អេមីរ៉ាត (អារ៉ាប់រួម) ក៏ដូចជាបារ៉ែនកាលពីឆ្នាំ២០២០ ដែលប្រទេសទាំងពីរសុទ្ធតែជាអ្នកជិតខាងរបស់អារ៉ាប៊ីសាអូឌីតនៅតំបន់ឈូងសមុទ្រអារ៉ាប់។
អារ៉ាប៊ីសាអូឌីតពុំមានការឆ្លើយតបណាមួយឡើង ចំពោះផែនការនៃការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ៊៊ីស្រាអែល ដែលផែនការនេះមានសហរដ្ឋអាមេរិកនៅជ្រុំជ្រែងពីក្រោយ ហើយកិច្ចពិភាក្សានៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនថែមទៀត ក្រោយពេលដែលសង្គ្រាមរវាងអ៊៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីនបានផ្ទុះឡើង ក្រោយហេតុការណ៍វាយប្រហារកាលពីថ្ងៃទី០៧ ខែតុលាកើតឡើង៕