ប្រធានព្រឹទ្ធសភាថៃ ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងកាន់តែរឹងមាំបន្ថែមទៀត
ថៃ៖ ប្រធានព្រឹទ្ធសភាថៃ លោក ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) មានជំនឿថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
លោកបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ លោកប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រវាងប្រទេសទាំងពីរ។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយនាយករដ្ឋមន្រ្តីថៃ ជាពិសេសការដំឡើងកម្រិតនៃទំនាក់ទំនងពី«ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕