ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានរដ្ឋសភាថៃ៖ ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែម ក្រោយទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំទាំងពីរ

ថៃ៖ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ លោក វ៉ាន់មូហាម៉ាត់ណ មះថា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីថៃ។

លោក វ៉ាន់មូហាម៉ាត់ណ មះថា លើកឡើងដូចនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាថៃនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅព្រះរាជាណាចក្រថៃ។

ប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ។

ទន្ទឹមនោះ ប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រធានរដ្ឋសភាថៃ ព្រមទាំងបានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមាននៃ ប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ លោក សេដ្ឋា ថាវីស៊ីន ជាពិសេស ការតំឡើងកម្រិតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ពី ”ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតីមានជំនឿជាក់ថា ប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹង សម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក