ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់ EAC ថា ភាគីស្ត្រីដែលចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ មិនទាន់ចូលខ្លួនមកបំភ្លឺតាមការអំពាវនាវរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ ខណៈភាគីមន្ត្រីនគរបាលត្រូវបានសាកសួររួចហើយ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ថ្លែងដូច្នេះថា៖ «មកដល់ពេលនេះ ស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនទាន់បានចូលមកបំភ្លឺនៅសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ យើងនៅតែបន្តរង់ចាំគាត់»។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអំពាវនាវឱ្យស្ត្រីរូបនោះអញ្ជើញមកបំភ្លឺនៅស្នងការ ខណៈអគ្គស្នងការរងនៃស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថានឹងរកយុត្តិធម៌ជូន៕