អេហ្ស៊ីបតែងតាំងអតីតកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ
អេហ្ស៊ីប៖ សមាគមបាល់ទាត់អេហ្ស៊ីប (EFA) បានប្រកាសតែងតាំងលោក Hossam Hassan ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ ក្រោយការប្រកាសបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Rui Vitoria ចេញពីតំណែង។
សមាគមបាល់ទាត់អេហ្ស៊ីបបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា ក្រៅពីការប្រកាសតែងតាំងលោក Hossam Hassan ជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិហើយនោះ បងប្អូនប្រុសភ្លោះរបស់គ្រូបង្វឹកខាងលើគឺលោក Ibrahim Hassan ក៏ត្រូវបានតែងតាំងជានាយកបច្ចេកទេសនៃក្រុមបាល់ទាត់ជម្រើសជាតិផងដែរ។ សមាគមបាល់ទាត់អេហ្ស៊ីបក៏បញ្ជាក់ថា តាមពិតទៅសមាគមបានសម្លឹងមើលបេក្ខភាពគ្រូបង្វឹកបរទេសមួយចំនួនដែរ ប៉ុន្តែចុងក្រោយជម្រើសដែលធ្វើឡើងគឺជាគ្រូបង្វឹកសញ្ជាតិអេហ្ស៊ីបខាងលើតែម្តង។
យ៉ាងណាមិញ មិនទាន់នឹងចូលកាន់តំណែងផង លោក Hossam ត្រូវបានអ្នកគាំទ្ររិះគន់ទៅលើអាកប្បកិរិយារបស់លោកមួយចំនួនដែលថាលោកជាមនុស្សដែលមានកំហឹងឆេវឆាវ ព្រមជាមួយការបំពានវិន័យផ្សេងៗជាដើម។ ជាក់ស្ដែង កាលពីឆ្នាំ២០១៦ លោកធ្លាប់ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយបង្កហេតុការណ៍វាយទៅលើអ្នកថតរូបម្នាក់បន្ទាប់ពីបញ្ចប់ការប្រកួតលីកក្នុងស្រុកមួយ អំឡុងការដឹកនាំក្រុម Al Masry។ ក្រោយមក លោកត្រូវបានគណៈកម្មការរៀបចំបាល់ទាត់លីគផាកពិន័យម្តងដែរកាលពីដើមឆ្នាំ២០២៣កន្លងទៅ ដោយលោកបានបំផ្លិចបំផ្លាញ និងធ្វើឱ្យខូចខាតឧបករណ៍បង្ហាញរូបភាព VAR។ ជាងនេះទៅទៀត លោកក៏ពុំទាន់បង្ហាញភាពជោគជ័យណាមួយជាដុំកំភួននៅឡើយទេ អំឡុងការប្រឡូកអាជីពជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ២០០៨ មក។
លោក Hossam Hassan គឺជាអតីតកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអេហ្ស៊ីប ពោលគឺរកបាន ៦៨គ្រាប់គិតគ្រប់ការប្រកួតទាំងអស់ តាមពីក្រោយដោយ Mohamed Salah ដែលបច្ចុប្បន្នមាន ៥៤គ្រាប់ជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប៕