ថៃ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៥ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកសារទាំង៥នោះរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ។ អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និងអនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
ឯកសារទាំងអស់នេះ ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងឱកាសនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនៅថ្ងៃទី០៧ ខែកុម្ភៈ ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕