
កំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម រកឃើញថ្មជាបន្តបន្ទាប់ និងកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោម
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន ASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។
បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោកស្រី នេត ស៊ីមន បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ក៏បានសិក្សា ប្រមូលព័ត៌មាន មុននិងឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាលនៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។
លោកស្រីបានឱ្យដឹងថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា ស្វែងរកថ្មដែលបានបាត់បង់ សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និងដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ព័ន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។
លោកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥ នៅជុំវិញខឿនរបស់ខ្លោងទ្វារ ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី៦០ ទៅ ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។
បុរាណវិទូរូបនេះបញ្ជាក់ថា លទ្ធផលនៃកំណាយបានរកឃើញថ្មបាយក្រៀមជិត ១០០ដុំហើយ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេលាប្រហែល៣ខែទើបចប់ និងបានកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តីឡើយនិងបញ្ហាឬសឈើចាក់ចូលទៅកាន់តែជ្រៅទៅក្នុងគ្រឹះខាងក្រោមនៃខ្លោងទ្វារ។
អ្នកជំនាញមានក្តីសង្ឈឹមថា នឹងអាចរកឃើញថ្មីបន្ថែមទៀតនៅពេលធ្វើកំណាយរួចរាល់ ដើម្បីយកថ្មទាំងនោះមកប្រើប្រាស់គ្រប់ចំនួន ក្នុងការងារជួសជុលពង្រឹងខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ៕