កំពង់ធំ៖ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ លោកវរសេនីយ៍ទោ កែ កញ្ចនា បានបញ្ជាក់មក EAC ថា សមត្ថកិច្ចកំពុងស្រាវជ្រាវជុំវិញករណីស្លាប់កុមារម្នាក់អាយុ ៤ឆ្នាំនៅក្នុងរថយន្តដឹកសិស្សរបស់សាលាឯកជនមួយដែលស្ថិតនៅក្នុងភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជនរងគ្រោះរស់នៅក្នុងភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ កែ កញ្ចនា បញ្ជាក់ថា កិច្ចស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីភាគីឪពុកម្តាយបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរដើម្បីទាមទាររកយុត្តិធម៌។
ជាធម្មតា បុរសស្ត្រីដែលជាប្តីប្រពន្ធ តែងឆ្លាស់គ្នាបើករថយន្តដឹកសិស្សតាមផ្ទះទៅសាលារៀនវិលទៅវិលមកជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុស្ត្រីជាប្រពន្ធជាអ្នកដឹកសិស្ស និងជនរងគ្រោះទៅសាលារៀននៅម៉ោង១រសៀល រហូតដល់ម៉ោង៤កន្លះរសៀលពេលចេញពីសាលាវិញស្រាប់តែស្ត្រីអ្នកបើកបរបានប្រទះឃើញកុមារជនរងគ្រោះនៅក្នុងរថយន្តបាត់មាត់បាត់ក ទើបប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ទៅហើយ ដោយសារតែការធ្វេសប្រហែសទុកកុមារជនរងគ្រោះចោលក្នុងរថយន្តជាច្រើនម៉ោង៕