ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឃាត់រថយន្តមួយគ្រឿងម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 បានដឹកប្រហិតចម្រុះចំនួន ២ ០០០គីឡូក្រាម នាំចូលតាមតំបន់សនៃព្រំដែនថៃ។ រថយន្តត្រូវបានឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោយឃាត់រថយន្ត អាជ្ញាធរបានឆែកឃើញថា រថយន្តដឹកប្រហិតនោះគ្មានសុវត្ថិភាពនិងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។
ការបង្រ្កាបនេះធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ) ខាងលើ ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (សាខា ក.ប.ប. រាជធានីភ្នំពេញ) និងបានដុតបំផ្លាញចោលផងដែរ៕