ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងព័ត៌មាន និងរដ្ឋសភា ពិភាក្សាពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយ ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួង ដើម្បីជួបពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដឹកនាំដោយ លោក សួស យ៉ារ៉ា ដែលលោកជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា លើកឡើងដល់អង្គប្រជុំអំពីស្ថានភាពទូទៅនៃដំណើរប្រព្រឹត្តទៅក្នុងវិស័យព័ត៌មាន ព្រមទាំងការអនុវត្តការងាររបស់ក្រសួងព័ត៌មានក្នុងរយៈពេលជិត ៥ខែ និងការកំណត់ទិសដៅការងារសម្រាប់ពេលខាងមុខ ក្នុងក្របខណ្ឌផែនការសកម្មភាពវិស័យព័ត៌មាន សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា អង្គប្រជុំខាងលើបានស្តាប់លទ្ធផលការងារជាក់ស្តែងដែលសម្រេចបាននាពេលកន្លងទៅថ្មីៗនេះក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសការអភិវឌ្ឍការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសារព័ត៌មាន សន្តិសុខព័ត៌មាននិងការប្រឆាំងព័ត៌មានក្លែងក្លាយ ការកសាងមូលដ្ឋានគតិយុត្តនិងការពង្រឹងការអនុវត្តច្បាប់ ដើម្បីឲ្យស្របទៅនឹងកាលៈទេសៈ និងការវិវត្តរបស់សង្គម និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។

ទន្ទឹមនោះ លោក ទេព អស្នារិទ្ធ ឱ្យដឹងថា អង្គប្រជុំបានស្តាប់នូវចក្ខុវិស័យរបស់ក្រសួងព័ត៌មាន សម្រាប់ការរួមចំណែកតម្រង់ឆ្ពោះទៅគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជា ប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ខណៈវិស័យព័ត៌មាន គឺការឈរលើមូលដ្ឋានដំណើរការនៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។

លោកបានបញ្ជាក់ទៀតថា ការដឹកនាំនេះបានបង្ហាញឲ្យឃើញច្បាស់ពីការបោះជំហ៊ានដ៏ស្វាហាប់ដើម្បីប្រែក្លាយក្រសួងព័ត៌មានឲ្យទៅជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម។

ក្នុងឱកាសនោះ គណៈកម្មការនៃរដ្ឋសភាបានថ្លែងនូវការកោតសរសើរចំពោះក្រសួងព័ត៌មាន សម្រាប់លទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលជិត ៥ខែ នាដើមអាណត្តិទី៧នេះ និងបានកោតសរសើរអំពីភាពសុខដុមនីយកម្មផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដោយបានផ្សារភ្ជាប់រវាងអ្នកជំនាន់មុន និងជំនាន់ថ្មី សម្រាប់ជាការតម្រង់ទិសក្នុងក្របខណ្ឌនៃការដឹកនាំក្នុងអាណត្តិថ្មី និងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយគោលដៅច្បាស់លាស់។

ភាគីទាំងពីរក៏បានពិភាក្សាលើ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសកម្មភាពការងារ បទប្បញ្ញត្តិច្បាប់ ដើម្បីពាំនាំសំលេងរបស់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាជូនដល់សាធារណៈជន សារៈសំខាន់នៃការពង្រឹងទំនាក់ទំនង ក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាសម្រាប់ជាអត្ថប្រយោជន៍សង្គម និងភាពចាំបាច់ក្នុងការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ពង្រឹងប្រសិទ្ធភាព និងគុណភាពព័ត៌មាន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន ការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន និងការធានាសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានដែលជាភាពចាំបាច់ក្នុងការកំណត់ និងអនុវត្តយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រមទាំងការរៀបចំយុទ្ធនាការព័ត៌មានដោយបញ្ជៀបការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ព្រមទាំងវិធានការទប់ស្តាត់ព័ត៌មានក្លែងក្លាយទាំងនេះ រួមចំណែកដល់ការធានា និងគ្រប់គ្រងលំហព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក