កសិករបារាំងផ្អាកការតវ៉ាបណ្ដោះអាសន្ន ខណៈរដ្ឋាភិបាលប្រកាសពីវិធានការជំនួយថ្មីសម្រាប់វិស័យកសិកម្ម
ប៉ារីស៖ សហជីពកសិករធំជាងគេនៅប្រទេសបារាំង បានសម្រេចបញ្ឈប់ការបិទផ្លូវជាបណ្ដោះអាសន្នសិន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីវិធានការថ្មីដើម្បីជួយសម្រួលដល់វិស័យកសិកម្ម។
គួរឱ្យដឹងថា ត្រាក់ទ័ររាប់ពាន់គ្រឿងត្រូវបានម្ចាស់ដែលជាកសិករបានយកមកចតនៅពាសពេញផ្លូវហាយវេ នៅតាមបណ្ដាខ្សែផ្លូវសំខាន់ៗពាសពេញប្រទេសអស់រយៈពេលជាច្រើនថ្ងៃ ដែលជាផ្នែកមួយនៃការតវ៉ារបស់ខ្លួន ខណៈដែលវិស័យកសិកម្មក្នុងប្រទេសកំពុងត្រូវបានរំខានដោយការនាំចូលទំនិញដែលមានតម្លៃថោកជាងផលិតផលក្នុងស្រុក បញ្ហាជុំវិញប្រេងឥន្ធនៈ ក៏ដូចជាផលប៉ះពាល់មួយចំនួនលើបរិស្ថានដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់កសិករ។
សកម្មភាពតវ៉ារបស់សហជីពកសិករនៅក្នុងប្រទេសបារាំង ក៏បានអំពាវនាវឱ្យមានការចូលរួមពីបណ្ដាកសិករនៃប្រទេសអឺរ៉ុបផ្សេងទៀតដូចជា អាល្លឺម៉ង់, ប៉ូឡូញ និងប៊ែលហ្សិកជាដើម។
សូមបញ្ជាក់ថា កម្មករដែលធ្វើការងារក្នុងវិស័យកសិកម្មបាននាំគ្នាប្រមូលផ្តុំបិទផ្លូវហាយវេនៅទូទាំងប្រទេសបារាំងដោយប្រើត្រាក់ទ័រ និងរ៉ឺម៉ក ដែលនាំឱ្យចរាចរណ៍ផ្លូវគោកត្រូវផ្អាក មុនពេលដែលការតវ៉ាបានបញ្ឈប់កាលពីពេលថ្មីៗ។ ការបិទផ្លូវនេះក៏បានធ្វើឡើងនៅខ្សែផ្លូវលេខ A1 ដែលមានប្រវែងជាង ២១១គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងប៉ារីស និងទីក្រុង Lille ដែលស្ថិតនៅភាគខាងជើង ជាផ្លូវមួយដែលធម្មតាមានភាពមមាញឹកខ្លាំងបំផុតនៅអឺរ៉ុប។
កសិករនៅបារាំងកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងការប្រកួតប្រជែងពីទំនិញនាំចូលដែលមានតម្លៃថោក, ការចំណាយថ្លៃដើមក្នុងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ និងសម្ពាធពីតម្លៃផ្តល់ដោយអ្នកលក់រាយ។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាកសិករក៏បានសម្តែងនូវការព្រួយបារម្ភអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរបៃតងលើវិស័យបរិស្ថាន ក៏ដូចជាគោលនយោបាយបម្រែបម្រួលអាកាសធាតុដែលអាចជះឥទ្ធិពលលើវិស័យកសិកម្ម។
បច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងបានឆ្លើយតបដោយការប្រកាសផ្អាកការដំឡើងពន្ធលើឥន្ធនៈកសិកម្ម រួមជាមួយនឹងជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់វិស័យកសិកម្មផងដែរ៕