កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានសម្លឹងមើលទៅលើលទ្ធភាពនៃការលក់អាវុធទៅកាន់បណ្ដាប្រទេសក្នុងតំបន់ផងដែរ។
រដ្ឋបាលនៃការគ្រប់គ្រងកម្មវិធីសព្វាវុធរបស់កូរ៉េខាងត្បូង (DAPA) បានប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទម្សិលមិញនេះថា កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការបង្កើតគណៈកម្មាធិការរួមមួយរវាងភាគីទាំងពីរដើម្បីបង្កើតក្រុមការងារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធ ក៏ដូចជាការបន្តវឌ្ឍនភាពដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Riyadh ក្នុងកម្មវិធីពិពណ៌ក្នុងវិស័យការពារជាតិដែលជាផ្នែកមួយនៃការធ្វើដំណើររយៈពេលមួយសប្តាហ៍ទៅកាន់មជ្ឈិមបូព៌ា បានជួបជាមួយសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Khalid bin Salman Al Saud ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខានេះផងដែរ។
កូរ៉េខាងត្បូងកំពុងព្យាយាមជំរុញការលក់ និងដើម្បីក្លាយជាប្រទេសផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយរបស់ពិភពលោក បើទោះបីជាមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុននាំចេញអាវុធពិភពលោកផ្សេងទៀតក៏ដោយ។ តាមទិន្នន័យពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញថា ចំណូលពីការលក់អាវុធរបស់ខ្លួនបានកើនឡើងដល់ ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលបានកើនឡើងពីចំណូលត្រឹម ៧.២៥ពាន់លានដុល្លារកាលពីឆ្នាំ២០២១។
ផ្អែកតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ការនាំចេញអាវុធរបស់កូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ាមានការកើនឡើងប្រមាណជាជិត១០ដង ក្នុងចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២៕